គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កម្ពុជាចង់ពង្រីកការវិនិយោគលើវិស័យកែច្នៃចំណីអាហារ

កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២ / ម្ហូបអាហារ

រាជរដ្ឋាភិបាលកម្ពុជា អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ(FAO) និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀតលើផ្នែកកែច្នៃផលិតផលចំណីអាហារ និងអាហារូបត្ថម្ភ និងអំពាវនាវឲ្យមានដំណោះស្រាយចំពោះផលប៉ះពាល់ និងវិបត្តិនានា។

កាសែតខ្មែរថាមស៍បានចុះផ្សាយថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសទិវាស្បៀងអាហារពិភពលោក។ កាសែតនេះបានបន្ថែមទៀតថា កម្ពុជាបានរៀបចំផែនការជាយុទ្ធសាស្រ្តថ្នាក់ជាតិសម្រាប់ប្រព័ន្ធស្បៀងអាហារដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពសម្រាប់ឆ្នាំ២០៣០។ ឯកឧត្តម ឱម គីមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងនាមជាប្រជាជាតិមួយយើងត្រូវកែប្រែសង្វាក់ផ្គត់ផ្គង់ចំណីអាហារ ដើម្បីធានាឲ្យបានថា ប្រព័ន្ធស្បៀងអាហារអាចផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងអាហារូបត្ថម្ភទៅដល់ប្រជាជនខ្មែរទូទៅ តាមរយៈការវិនិយោគបែបថ្មី៖ បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល»៕